May 19, 2017

សកម្មជន​បក្ស​ប្រឆាំង​២​រូប​នៅ​ស្វាយរៀង​​ត្រូវ​បាន​ដោះលែង​ក្រោយ​អនុវត្ត​ទោស​១​ឆ្នាំ​កន្លះ

សកម្មជន​បក្ស​ប្រឆាំង លោក នង សារិទ្ធ (ពី​ឆ្វេង​ទី​២) និង​លោក សុខ សំអ៊ាន (ស្ដាំ) ដើរ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៧។ ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន ១៨​ខែ។ Photo provided

ដោយ រាជ វិញ្ញូ RFA 2017-05-19

តុលាការ​ខេត្ត​ស្វាយរៀង បាន​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​ដាក់​ពន្ធនាគារ​ពួកគេ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ជុំវិញ​ការ​សរសេរ​ខុស​ដោយ​អចេតនា​ថា ក្រុង​បាវិត ស្ថិត​ក្នុង​ប្រទេស​វៀតណាម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់ បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

​ភ្លាមៗ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​នៅ​ម៉ោង​ប្រហែល ១១​ព្រឹក ថ្ងៃ​ទី​១៩ ខែ​ឧសភា លោក នង សារិទ្ធ អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាវិត មក​ពី​គណបក្ស សម រង្ស៊ី និង​លោក សុខ សំអ៊ាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបរាប់​ថា ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មក​លើ​ពួកគេ​ទាំង​ពីរ​នាក់ ពី​បទ​ក្លែង​លិខិត​សាធារណៈ បទ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង​បទ​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ គឺ​ជា​មិន​សម​ហេតុផល ព្រោះ​ច្បាប់​នៅ​កម្ពុជា មិន​បាន​កំណត់​ច្បាស់លាស់​នៅ​ឡើយ​អំពី​ទង្វើ ឬ​សិទ្ធិ​បញ្ចេញ​មតិ​បែប​ណា​ខ្លះ ដែល​ចាត់​ចូល​ថា​ជា​ការ​ញុះញង់។

​លោក នង សារិទ្ធ ថ្លែង​ថា លោក​នៅ​តែ​សោកស្ដាយ ដែល​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​អ្នក​នយោបាយ​ម្នាក់ និង​ជា​អ្នក​ជួយ​សរសេរ​ឯកសារ​ជូន​ពលរដ្ឋ​ម្នាក់ បែរ​ជា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ចាប់​ដាក់​ពន្ធនាគារ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា មាន​ការ​រៀបចំ​ឡើង​ដើម្បី​បន្ទច់បង្អាក់​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ៖ «»។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បណ្ដោះអាសន្ន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់ ប្រចាំ​នៅ​ក្រុង​បាវិត បន្ទាប់​ពី​ពួកគេ​បាន​សរសេរ និង​បង្ហោះ​សំបុត្រ​លិខិត​បញ្ជាក់​កំណើត​ក្លែងក្លាយ​របស់​អ្នក​ភូមិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​សរសេរ​ថា ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។ បន្ទាប់​ពី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ប្រហែល​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ តុលាការ​ខេត្ត​ស្វាយរៀង បាន​សម្រេច​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ក្នុង​ម្នាក់ៗ។
ថ្វី​ត្បិត​យ៉ាង​ណាក្ដី សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​នេះ អះអាង​ថា នៅ​ពេល​ឡើង​សវនាការ​តុលាការ​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​នូវ​បទ​ក្លែង​លិខិត​សាធារណៈ និង​បទ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង បន្ទាប់​ពី​មាន​ពលរដ្ឋ​ចេញ​មុខ​ធ្វើ​សាក្សី​ថា ការ​សរសេរ​ដាក់​ឈ្មោះ​ទីក្រុង​បាវិត ស្ថិត​ក្នុង​ប្រទេស​វៀតណាម គឺ​ដោយសារ​ការ​យល់​ច្រឡំ និង​ដោយ​អចេតនា។ ផ្ទុយ​ទៅ​វិញ តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​តាម​ហ្វេសប៊ុក ឱ្យ​មាន​បទល្មើស​ជាអាទិ៍។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ សំអ៊ាន ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​ថា គឺ​ជា​រឿង​មិន​សម​ហេតុផល ព្រោះ​នៅ​កម្ពុជា ពុំ​មាន​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​ហ្វេសប៊ុក ហើយ​ពាក្យ​សម្ដី​ដែល​ចាត់​ចូល​ជា​បទ​ញុះញង់ ក៏​មិន​ទាន់​មាន​ការ​កំណត់​ឱ្យ​បាន​ច្បាស់​ដែរ។ ការ​បង្ហោះ​លើ​ហ្វេសប៊ុក របស់​លោក​នូវ​ឯកសារ​ដែល​មាន​សរសេរ​ដាក់​ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម ហើយ​ដែល​មាន​ការ​បោះត្រា និង​ស៊ីញ៉េ គឺ​គ្រាន់​តែ​ចង់​បង្ហាញ​អំពី​ការ​ងឿង​ឆ្ងល់​ប៉ុណ្ណោះ៖ «»។

​លោក​បន្ថែម​ថា ការ​សម្រេច​របស់​តុលាការ​ដែល​ឃុំ​ខ្លួន​លោក​កន្លង​មក​ជា​រឿង​យុត្តិធម៌ ឬ​អយុត្តិធម៌ គឺ​ទុក​ឱ្យ​ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ ហើយ​លោក​មិន​ចង់​បកស្រាយ​អ្វី​ឡើយ។

ចំណែក​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន យល់​ថា គ្រាន់​តែ​រឿង​បង្ហោះ​លិខិត​ក្លែង​លើ​ហ្វេសប៊ុក ប្រហែល​មិន​មាន​ការ​ជាប់​ពន្ធនាគារ​ឡើយ ប្រសិនបើ​អ្នក​នោះ មិន​មែន​ជា​សកម្មជន​នយោបាយ។ សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​បញ្ជាក់​ថា ថ្វីត្បិត​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​ពួកគេ​ជា​អ្នក​គាំទ្រ និង​ជា​មន្ត្រី​គណបក្ស​ប្រឆាំង ប៉ុន្តែ​គោលជំហរ​នយោបាយ​របស់​ពួកគេ​គឺ​នៅ​ដដែល៕
ទិដ្ឋភាព​នៅ​ខាង​ក្រៅ​តុលាការ​ខែត្រ​ស្វាយរៀង នៅ​ថ្ងៃ​២៧ មករា ២០១០ RFA/Kim Peous

No comments: