April 21, 2017

គណបក្ស​​​សង្គ្រោះជាតិ​​​​​​ដកពាក្យ​​​បណ្តឹង​​​​ប្ដឹង​គណ​​​បក្ស​​​ប្រជាជន​​



ដោយ បែន​ សុខហ៊ាន | ថ្ងៃសុក្រ ទី 21 ខែមេសា ឆ្នាំ 2017, ខេមបូឌា ដេលី

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានដកពាក្យបណ្ដឹងដែលខ្លួនបានប្ដឹងទៅមន្ត្រីរៀបចំការបោះឆ្នោតក្នុងខេត្តត្បូងឃ្មុំទាក់ទិនស្លាកសញ្ញាដែលគណបក្សប្រជាជនកម្ពុជាបានបិទនៅមុនការចាប់ផ្ដើមយុទ្ធនាការឃោសនាផ្លូវការសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីស្លាកសញ្ញាទាំងនេះត្រូវបានយកចេញវិញ។

លោក ម៉ៅ ម៉េន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកតំបែរបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទឹកជ្រៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីមន្ត្រីមូលដ្ឋានមិនអើពើនឹងសំណើរបស់ខ្លួនសុំឱ្យយកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាដែលបិទថ្មីៗរាប់រយផ្ទាំងដែលមានទាំងរូបសញ្ញាគណបក្ស និងលេខរៀងគណបក្សផងសម្រាប់ការបោះឆ្នោតចេញនោះ។ រយៈពេលធ្វើយុទ្ធនាការមិនទាន់ចាប់ផ្ដើមនៅឡើយទេគឺរហូតដល់ថ្ងៃទី២០ ខែឧសភាឯណោះ។

កាលពីម្សិលមិញ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះ គឺលោក សេង ស៊ាងលី បានមានប្រសាសន៍ថា គណបក្សរបស់លោកបានដកពាក្យបណ្ដឹងវិញហើយបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាយល់ព្រមយកស្លាកសញ្ញាចេញអំឡុងការចរចាដែលមានការសម្របសម្រួលដោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោក សេង ស៊ាងលី បានមានប្រសាសន៍ថា “គណៈកម្មាធិការគាត់ជួយសម្របសម្រួលបញ្ចប់រឿងហ្នឹង”។ លោកបានបន្តថា “បើព្រមដកចេញ បញ្ហាហ្នឹងគឺ OK ហើយ”។

លោក ឈិន ឈុន មេឃុំទឹកជ្រៅមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ស្លាកសញ្ញាត្រូវយកដកចេញអស់ហើយ។

លោកបានថ្លែងថា “យើងគោរពតាមការសម្របសម្រួល”។ លោកបានបន្តថា “ខ្ញុំឱ្យប្រជាការពារភូមិទៅយកចេញហើយ។ អស់ត្រឹមថ្ងៃហ្នឹងហើយ”។

ទោះជាយ៉ាងណា នៅពេលទាក់ទងកាលពីរសៀលម្សិលមិញ បន្ទាប់ពីការអះអាងរបស់លោក ឈិន ឈុន មក លោក ម៉ៅ ម៉េន បានមានប្រសាសន៍ថា ស្លាកសញ្ញាមួយចំនួននៅមាននៅឡើយ ប៉ុន្តែមិនច្រើនដូចមុនទេ។ លោកបានថ្លែងថា លោកនឹងចុះទៅមើលតាមភូមិទាំងនោះនៅល្ងាចនេះ ដើម្បីចង់ដឹងថាតើស្លាកសញ្ញាដែលនៅសេសសល់នោះត្រូវបានយកចេញហើយឬនៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាស្ថាប័នកំពូលរបស់រដ្ឋាភិបាលទទួលបន្ទុកធ្វើយ៉ាងណាឱ្យការធ្វើយុទ្ធនាការមានភាពយុត្តិធម៌នោះ មិនមានយុត្តាធិការហាមឃាត់ឬដាក់ទោសទណ្ឌចំពោះការធ្វើយុទ្ធនាការមុនពេលកំណត់ឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា ”វាមិនស្ថិតក្នុងយុត្តាធិការរបស់ គ.ជ.ប. ទេ”។ លោកបានបន្តថា “គ.ជ.ប.អាចអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងៀម និងមានសេចក្ដីថ្លៃថ្នូរក្នុងការផ្សាយរបស់បក្សរៀងៗខ្លួន”។

អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យសំខាន់ពីរក្នុងប្រទេសកម្ពុជា គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា អង្គការទាំងពីរនេះបានហៅកង្វះយុត្តាធិការនេះថាជាចន្លោះប្រហោងនៅក្នុងច្បាប់បោះឆ្នោតរបស់ប្រទេស៕ សារុន

No comments: