April 20, 2017

ឧទ្ធរណ៍​នៅ​តែ​មិន​ឲ្យ​លោក​ នី ចរិយា​ នៅ​ក្រៅ​ឃុំ

លោក នី ចរិយា ពេល​នាំ​ខ្លួន​ទៅ​សាលា​ឧទ្ធរណ៍​ពី​ពេល​កន្លង​មក​។ ផា លីណា

គឹម សារុំ ភ្នំពេញ​ប៉ុស្តិ៍ Thu, 20 April 2017

 ភ្នំពេញៈ លោក​ នី ចរិយា អគ្គលេខាធិការរង គជប ដែល​ក៏​ជា​​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ម្នាក់​ផង​នោះ​កាលពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​ភ្លាមៗ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​ ៣ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ជា​សំណុំ​រឿង​ដែល​​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ។

ការ​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​​​ជា​លើក​ទី​ ៣ ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ប្រមាណ​ជា​ជាង​មួយ​ម៉ោង​ដែល​​មាន​ចៅក្រម​បី​រូប​គឺ លោក សួស សំអាត ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ងួន អ៊ីម និង​លោក ភៅ ពៅស៊ុន និង​តំណាង​​មហា​អយ្យការ​លោក ជា ម៉េត។

លោក នី ចរិយា​ ដែល​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​​ក្នុង​រឿង​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ផង​នោះ​ត្រូវ​បាន​កង​អនុរក្ស​​ពន្ធនាគារ​បណ្តើរ​​ចុះ​ពី​​លើ​រថយន្ត​​យ៉ាង​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ដោយ​​​មាន​​ការ​យាមកាម​​យ៉ាង​​តឹងតែង​​នៅ​ក្រៅ​​បន្ទប់​សវនាការ​​នោះ​​មិនមាន​ឱកាស​និយាយ​អ្វី​​​សូម្បី​តែ​មួយ​ម៉ាត់​ទៅ​កាន់​​អ្នក​​កាសែត​ឡើយ​។
ទោះ​យ៉ាង​ណា​លោក សំ សុគង់​ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក នី ចរិយា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្រៅ​​បន្ទប់​សវនាការ​ បន្ទាប់ពី​ប្រកាស​សាលដីកា​ថា ​សំណុំ​រឿង​របស់​​លោក ចរិយា​ ដែល​ចោទ​ពី​បទ​ «​សូកប៉ាន់​សាក្សី​» ​នោះ​ត្រូវ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​បដិសេធ​​មិន​អនុញ្ញាត​​ឲ្យ​កូនក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ​ទេ​។​

លោក​ថ្លែង​​ថា ​រឿង​នេះ ​​សាលា​ឧទ្ធរណ៍​ប្រកាស​តម្កល់​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​របស់​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។ នៅ​ក្នុង​​សំណុំ​រឿង​សូកប៉ាន់​សាក្សី​នេះ​មាន​ជន​ជាប់​ចោទ​ដែល​ជា​មន្ត្រី​សិទ្ធិមនុស្ស​ចំនួន​​ ៤ រូប​ផ្សេង​ទៀត​។​

លោក​បញ្ជាក់​​ថា​៖ ​«​ការ​ដែល​តុលាការ​មិន​ឲ្យ​លោក នី​ ចរិយា​ នៅ​ក្រៅ​ឃុំ​ដោយសារ​តុលាការ​សំអាង​ថា​លោក ចរិយា​ មាន​តួនាទី​នៅ​ក្នុង​សង្គម​ច្រើន​ហើយ​បើ​នៅ​ក្រៅ​ឃុំ​វា​អាច​ប៉ះពាល់​សន្តិសុខ​»​។

លោក សុគង់ ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​​សវនាការ​ កាលពី​ម្សិលមិញ​ លោក​បាន​លើក​ពី​​ភ័ស្តុតាង​​បញ្ហា​សុខភាព​ការ​ដាក់​ប្រាក់​ធានា​​​ចំនួន​ ២ ​លាន​រៀល​ និង ​សុំ​តម្កល់​​លិខិត​​ឆ្លងដែន​ក៏​ដូចជា​ កូនក្តី​​លោក​ក៏​ជា​អគ្គលេខាធិការរង​នៃ​ គជប ដើម្បី​ឲ្យ​កូនក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ​​។​ ប៉ុន្តែ​​ត្រូវ​បាន​តុលាការ​​បដិសេធ​​ដោយ​សំអាង​​ថា​ ការ​លើក​​ឡើង​នេះ​​មាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​តុលាការ​ថា​ បើ​មាន​ការ​ដោះលែង​លោក នី​ ចរិយា ​​ទៅ​​វា​​អាច​នឹង​ប៉ះពាល់​​ដល់​នីតិវិធី​​ផ្សេងៗ​ទៀត​។​

លោក​ សុគង់ ​បញ្ជាក់​​ថា​៖ ​«​ការ​សម្រេច​មិន​ព្រម​ដោះលែង​នេះ​តុលាការ​លើក​សំអាង​ហេតុ​ថា​ទី​ ១​ គឺ​បទ​ចោទ​របស់​លោក នី ចរិយា​ ជា​បទឧក្រិដ្ឋ​ដែល​​ទាក់ទង​នឹង​សូកប៉ាន់​សាក្សី​។​ ទី ២ ​រក្សា​​ជន​ត្រូវ​​ចោទ​ដើម្បី​ឲ្យ​តុលាការ​​ធ្វើការ​ព្រោះ​រឿង​ក្តី​នេះ​កំពុង​ដំណើរការ​ស៊ើបសួរ​នៅ​ឡើយ ​និង​ចំណុច​មួយ​ទៀត​ខ្លាច​ជន​ត្រូវ​ចោទ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ជនជាប់ចោទ​ដទៃ​ទៀត​ដូចជា​ការ​​គាប​សង្កត់​លើ​សាក្សី​ជាដើម​»​​។

លោក​ នី ចរិយា ត្រូវ​បាន​​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ​ ២០១៦ ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​ ៨ ​ថ្ងៃ​ទៀត​ទេ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​៕

No comments: