April 21, 2017

តំបន់​ទេសចរណ៍​បឹង​យក្សឡោម​ខេត្ត​រតនគិរី​រង​ការ​រិះគន់​ដោយសារ​បញ្ហា​សំរាម

គំនរ​សំរាម​ដែល​គេ​គរ​ទុក​ចោល​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ក្នុង​ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Ratha Visal

ដោយ រដ្ឋា វិសាល RFA 2017-04-21

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ចាត់​ទុក​ការ​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទេសចរ និង​ប៉ះពាល់​ផ្នែក​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​នេះ។ សហគមន៍​អ្នក​អភិរក្ស​តំបន់​ទេសចរណ៍​បឹង​យក្សឡោម ចាត់​ទុក​ការ​មិន​ចូលរួម​វេច​ខ្ចប់​សំរាម​របស់​​ភ្ញៀវទេសចរ និង​ក្រុម​អាជីវករ រួម​ទាំង​ចំណុច​អសកម្ម​របស់​ផ្នែក​អនាម័យ​នៃ​តំបន់​រមណីយដ្ឋាន​​គឺ​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​មាន​បញ្ហា​សំរាម​កើត​ឡើង។

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ចាត់​ទុក​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ខណៈ​អ្នក​ទេសចរ​រាប់​ម៉ឺន​នាក់​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថា ជា​ចំណុច​អវិជ្ជមាន​ត្រូវ​នាំ​គ្នា​លុបបំបាត់​ឲ្យ​បាន។

ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា តួលេខ​របស់​សហគមន៍​អភិរក្ស​បឹង​យក្សឡោម ​ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរ​ជិត ២​ម៉ឺន​នាក់​បាន​មក​កម្សាន្ត​នៅ​បឹង​យក្សឡោម គ្រា​ដែល​សំរាម​បាន​​បន្សល់​ចោល​តាម​ធុង​សំរាម​កន្លែង​លក់​នំ​ចំណី​កន្លែង​អង្គុយ​កម្សាន្ត ផែ​មុជ​ទឹក និង​តាម​ផ្លូវ​ធ្វើ​ដំណើរ​​គ្រប់​កន្លែង​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា​នេះ​ជា​ចំណុច​អសកម្ម​ដែល​ត្រូវ​នាំ​គ្នា​លុបបំបាត់​ឲ្យ​បាន​ដើម្បី​ថែរក្សា​បរិស្ថាន​ល្អ​អនាម័យ​ស្អាត​នៅ​ក្នុង​តំបន់​ទេសចរណ៍។ លោក​ទទួល​ស្គាល់​ថា អាជីវករ​លក់​ដូរ ភ្ញៀវទេសចរ និង​ក្រុម​អភិរក្ស​រមណីយដ្ឋាន​សុទ្ធតែ​​មាន​ចំណុច​ខ្វះខាត​ទាក់ទិន​ការ​វេច​ខ្ចប់​សំរាម និង​ធ្វើ​អនាម័យ​មិន​ទាន់​ពេល​វេលា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ៖ «ឆ្នាំ​ក្រោយ​យើង​ប្រជុំ​ដាក់​ផែនការ​តឹងរ៉ឹង​ជាង​នេះ​ទៀត។ គាត់​ក៏​បាន​សុំ​មក​ដែរ គាត់​ថា ធ្វើ​ម៉េច​អ្នក​​បោះចោល​ច្រើន អ្នក​ប្រមូល​តិច។ ភ្ញៀវ​ក៏​បាន​សំណូមពរ​ដែរ ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​វិធានការ»។

​បឹង​យក្សឡោម គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​សុទ្ធសាធ​អភិរក្ស​ដោយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ច្រើន​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​នេះ គណៈកម្មការ​សហគមន៍​បាន​អភិវឌ្ឍ​ឲ្យ​មាន​តូប​លក់​នំចំណី វត្ថុ​​អនុស្សាវរីយ៍ គ្រឿង​ភេសជ្ជៈ​នៅ​ក្រៅ​បរិវេណ​បឹង និង​ក្នុង​បរិវេណ​បឹង​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ទិញ​អាហារ​នំ​ចំណី​ទាំង​នោះ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភ័ក្ដិ នៅ​គ្រា​ដែល​ពួកគេ​មក​លេង​នៅ​មាត់​បឹង​នេះ។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​ក្រុង​បាន​ចុះ​វាយ​តម្លៃ​ថា ការ​បន្សល់​កាកសំណល់ និង​សំរាម​នៅ​បរិវេណ​បឹង​យក្សឡោម ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន។

ម្ចាស់​តូប​លក់​គ្រឿង​បរិភោគ​នៅ​បឹង​យក្សឡោម គឺ​លោក ទុំ ប៊ុនថន បន្ទោស​ទៅ​លើ​ក្រុម​អនាម័យ​សហគមន៍​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​សម្អាត​សំរាម កាកសំណល់​ដែល​ភ្ញៀវ​បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន។ លោក​ថា អាជីវករ​លក់ដូរ​សំអាត​នៅ​ជុំវិញ​បរិវេណ​តូប​លក់ដូរ​របស់​ខ្លួន និង​បាន​បង់​ប្រាក់​ប្រចាំខែ​សម្រាប់​សេវាកម្ម​អនាម័យ​ដល់​សហគមន៍​រួច​ហើយ៖ «គណៈកម្មការ​បឹង​ហ្នឹង​ឲ្យ​គេ​បន្ថែម​អ្នក​អនាម័យ​ឲ្យ​ច្រើន​មក ព្រោះ​អ្នក​លក់​បង់​មួយ​កន្លែងៗ​មិន​តិច​ទេ អា​ក្រោម​មួយ​ថ្ងៃ​ពីរ​ម៉ឺន ហើយ​កញ្ចុះ ២​ម៉ឺន ៥​ពាន់​ទៀត»។

ចំណែក​ប្រធាន​សហគមន៍​បឹង​យក្សឡោម លោក វេន ច្រឹ ទទួល​ស្គាល់​ថា ជា​កង្វះខាត​មួយ​ផ្នែក​របស់​ក្រុម​អនាម័យ​សហគមន៍ ក៏​ប៉ុន្តែ​លោក​កត់សំគាល់​ថា បញ្ហា​សំរាម​នេះ​លុះ​ត្រា​មាន​ការ​ចូលរួម​វេច​ខ្ចប់​ដាក់​ធុង​សំរាម​ពី​សំណាក់​អ្នក​ទេសចរ និង​ក្រុម​អាជីវករ​ទើប​អាច​ធ្វើ​ឲ្យ​ប្រសើរ​បាន​នូវ​កិច្ច​ការពារ​បរិស្ថាន​នៅ​តាម​តំបន់​រមណីយដ្ឋាន។

លោក​ថា ចំណុច​អសកម្ម​ឆ្នាំ​នេះ គឺ​ជា​បទពិសោធន៍​សម្រាប់​​សហគមន៍​រៀបចំ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ​ទៀត៖ «រឿង​សំរាម​មិន​មែន​រឿង​បុគ្គល​ម្នាក់​ទេ គឺ​ជា​រឿង​យើង​ទាំង​អស់​គ្នា ហើយ​តាម​ផែ តាម​កន្លែង​ផ្សេងៗ​​យើង​ដាក់​ធុង​សំរាម​ដាក់​ស្លាក​សញ្ញា​ផ្សេងៗ ហើយ​តាម​សារ​អេឡិចត្រូនិក គេ​បាន​ផ្សព្វផ្សាយ​ច្រើន​​ហើយ»។

តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រយៈ​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ មាន​អ្នក​ទេសចរ​ជាង ៧​ម៉ឺន​នាក់ បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី៕

No comments: